ភ្នំពេញ៖ អង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាលបានរៀបចំសន្នីសិទជាតិលើកទី៥ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមក្នុងវិស័យអប់រំនិងកសាងប្រព័ន្ធអប់រំដែលមានភាពឆ្លើយតប និងប្រកបដោយភាពធន ដោយមានការចួលរួមពីតំណាងក្រសួងអប់រំផងដែរ។
សន្នីសិទជាតិនេះធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្មអប់រំ៖ ឱកាសដូចគ្នា សាលារៀនដូចគ្នា គ្រូបង្រៀនដូចគ្នា លទ្ធផលដូចគ្នា» ដែលធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
រដ្ឋលេខាធិការក្រសួងអប់រំលោក អ៊ុង បូរ៉ាត់ បានថ្លែងថាក្នុងអណត្តិទី៧នេះរាជរដ្ឋាភិបាលបានកំណត់គោលដៅធ្វើយ៉ាងណាធានាឱកាសស្មើគ្នាក្នុងការទទួលបានសេវាអប់រំ ដោយមិនទុកនរណាម្នាក់ចោល ដែលជាគោលដៅសម្រេចឱ្យបាននៅឆ្នាំ២០៣០។
លោកបន្តថាក្រសួងបានបន្តធ្វើកំណែទម្រង់សាលារៀន ជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និងសាលាគំរូ ជាមួយនឹងការអភិវឌ្ឍន៍គ្រូបង្រៀន ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងធ្វើយ៉ាងណាឱ្យការអប់រំមានគុណភាពទាំងប្រព័ន្ធអប់រំ និងសាលារៀន។
លោកថា៖ «ជារួមយើងឃើញថាវិធានការ និងយន្តការជាច្រើនត្រូវបានដាក់ចេញ និងអនុវត្ត ប៉ុន្ដែការធានាវិធានការដែលបានដាក់ចេញឱ្យក្លាយជាការអនុវត្តនៅមូលដ្ឋាន និងសាលារៀនជាកត្តសំខាន់ដែលទាមទារឱ្យមានការយល់ដឹង ការចូលរួមគាំត្រ និងយន្តការតាមដានច្បាស់លាស់ពីសំណាក់បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់»។
តំណាងក្រុមប្រឹក្សាភិបាលអង្គការភាពជាដៃគូរអប់រំនៃអង្គការក្រៅរដ្ឋាភិបាល NEP អ្នកស្រី ហ៊ុន បូរមី តាមរបាយការណ៍របស់ OECD បានបង្ហាញពីគម្លាតសំខាន់ៗនៃលទ្ធផលអប់រំដែលកម្ពុជាត្រូវដោះស្រាយ។ លោកស្រីថា លទ្ធផលសិក្សា មិនស្មើគ្នារវាងសិស្សនៅតំបន់ភូមិសាស្ត្រផ្សេងគ្នាចង្អុលបង្ហាញពីបញ្ហាជាប្រព័ន្ធក្នុងការបែងចែកធនធាន គុណភាពគ្រូបង្រៀន និងការគាំទ្រផ្នែកអប់រំ។
លោកស្រីបន្ថែមថា៖ «សន្និសីទជាតិលើកទី៥ នឹងស្វែងយល់បញ្ហាសំខាន់ៗ ដូចជាការលើកកម្ពស់ការទទួលបានការអប់រំដែលមានគុណភាពសម្រាប់សិស្សមានពិការភាព សិស្សជនជាតិដើមភាគតិច និងទាំងក្មេងប្រុសនិងក្មេងស្រី »។
បច្ចុប្បន្នអត្រាចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សាបានកើនឡើងដល់ ៩៩,៦% ដែលសមិទ្ធផលនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្ពុជាក្នុងការធានាថាកុមារនិងយុវជនកម្ពុជាទាំងអស់មានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។
ប្រធានអង្គការអេដ អេ អាក់ស្យុង (AEA) លោក វន សំភាស់ សង្កេតឃើញថាបច្ចប្បន្ន រដ្ឋាភិបាល អ្នកធ្វើការលើផ្នែកអប់រំ និងឱពុកម្ដាយសិស្សបានឱ្យតម្លៃកាន់តែច្រើនលើការងារអប់រំ តែស្របជាមួយគ្នានេះក៏មានការលំបាកមួយចំនួនផងដែរដែលទាមទារឱ្យមានការដោះស្រាយ។ លោកថាចំណុចទាំងនោះរួមមានពាក់ព័ន្ធនឹងគុណភាពនៃការសិក្សា និងលទ្ធផលរបស់សិស្ស។
លោកថា៖ «យើងក៏នៅតែមើលឃើញថាកុមារដែលនៅក្រុមគ្រួសារជួបការលំបាក ឪពុកម្ដាយចំណាកស្រុកក្រីក្រនៅតំបន់ដាច់ស្រយាល កុមារពិការនៅក្នុងសហគមន៍ផ្សេងៗនៅតែជួបការលំបាកដែលត្រូវការឱ្យយើងរួមគ្នា ទាំងគោលនយោបាយ ទាំងការអភិវឌ្ឍន៍ និងការវិនិយោគបន្ថែមដើម្បីកុមារទាំងអស់នោះបានរៀន ហើយរៀនប្រកបដោយគុណភាព»។
ក្នុងភាពជាដៃគូជាមួយ Educate A Child បច្ចុប្បន្ន អង្គការ អេដ អេ អាក់ស្យុង (AEA) ចាប់ពីឆ្នាំ២០២១មក បានរួមសហការណ៍ជាមួយ ក្រសួងអប់រំ រដ្ឋបាលថ្នាក់ក្រោមជាតិ គាំទ្រ សាលាបឋមសិក្សាចំនួន ១៥០០ ផ្តោតទៅលើកុមារជួបការលំបាក និងកុមារនៅក្រៅសាលា និងធ្វើអន្តរាគមន៍ជាច្រើនដើម្បីជួយពួកគាត់។
លោក វន សំភាស់ បានលើកជាយោបល់ថារដ្ឋាភិបាលគួរតែបន្ថែមយន្តការនៃការអនុវត្ត បូករួមទាំងធនធាននិងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលោកគ្រូអ្នកគ្រូនៅតាមទីជនបទត្រូវការធនធានច្រើនដើម្បីពន្លឿនការងារ ហើយក៏ត្រូវការការចូលរួមពីឪពុកម្ដាយ អាជ្ញាធរមូលដ្ឋាន និងពាក់ព័ន្ធទាំងអស់ផងដែរ។
នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សា នៅកម្ពុជាមានជិត២ម៉ឺនសាលា (១៩,៣៤១)។ ស្របពេលចំនួនសាលាមានការកើនឡើង ចំនួនសិស្ស និងនិស្សិត ក៏មានចំនួនច្រើន រហូតដល់សិស្ស និងនិស្សិត សរុប ៤,០៩៦,៧៥៨នាក់ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ៕
ដកស្រង់ចេញពី គេហទំព័រ EAC News ចេញផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤