សៀមរាប៖ អង្គការមួយចំនួន ដែលធ្វើការលើវិស័យអប់រំ គ្រឹះស្ថានអប់រំ និងអាជ្ញាធរមូលដ្ឋាន ជាង២០០នាក់ បានរៀបចំយុទ្ធនាការប្រមូលកុមារចូលរៀន និងអបអរសាទរទិវាគ្រូ បង្រៀនពិភពលោក។ កម្មវិធីត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាវត្តសីលា ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ការប្រារព្ធកម្មវិធីនេះ ក៏បង្ហាញពីស្មារតីរួមនៃគម្រោង «សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំ នៅបឹងទន្លេសាបខាងលិចតំបន់១» (FOSTER) និង «កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំកុមារបាត់បង់ឱកាសនៅកម្ពុជា» (CCOSC)។ តាមរយៈស្មារតីរួមនេះ អង្គការ អេដ អេ អាកស្យុង (Aide et Action ឬ Action Education), អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) សហការនឹងអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) និងគាំទ្រការអភិវឌ្ឍនសមត្ថភាពគ្រូបង្រៀន ប្រារព្ធយុទ្ធនាការប្រមូលកុមារចូលរៀននេះ ដើម្បីជា ឱកាសមួយក្នុងការផ្សព្វផ្សាយដល់អាណាព្យាបាលគ្រប់រូបឱ្យបញ្ជូនកូនដែលគ្រប់អាយុ ចុះឈ្មោះចូលរៀន ឱ្យទៅចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។
កម្មវិធីនេះ ក៏ធ្វើឡើងដើម្បីអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅទូទាំងប្រទេស ក្នុងន័យគាំទ្រការបញ្ចូនកូនៗ ដែលគ្រប់អាយុចូលរៀន ឱ្យចូលរៀនសូត្រនៅតាមបណ្ដាសាលានានា នៅទូទាំងប្រទេសកម្ពុជា។
យុទ្ធនាការប្រមូលសិស្សចូលរៀននេះ ក៏មានគោលបំណងកាត់បន្ថយចំនួនសិស្ស ដែលមិនបានចុះឈ្មោះចូលរៀន (កុមារក្រៅសាលា) រួមទាំងកុមារដែលមានពិការភាព សហគមន៍ជនជាតិដើមភាគតិច និងក្មេងស្រី។ល។ ក៏ដូចជាផ្សព្វផ្សាយ និងលើកទឹកចិត្តមាតាបិតា ឱ្យនាំកូនរបស់ពួកគេ ដែលគ្រប់អាយុមកចុះឈ្មោះនៅសាលារៀន និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន។
កម្មវិធីក៏ផ្ដោតសំខាន់លើការអបអរទិវាគ្រូបង្រៀនពិភពលោក ៥តុលា កាលពីខែកន្លងទៅ ក្រោមប្រធានបទ «ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីកសាងធនធានមនុស្សឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា»។ ម្យ៉ាងទៀត ដើម្បីបង្ហាញការដឹងគុណចំពោះគ្រូបង្រៀនក្នុងការរួមចំណែកដ៏មានតម្លៃរបស់ពួកគេចំពោះសង្គមជាតិ និងដើម្បីបញ្ជាកពីសារៈសំខាន់ នៃការអប់រំក្នុងការបង្កើតប្រព័ន្ធអប់រំ ប្រកបដោយសមធម៌ និងគុណភាពបន្ថែមទៀត។
ភ្ជាប់ជាមួយគ្នានេះ ការប្រារព្ធកម្មវិធីនេះ ក៏ដើម្បីគូសបញ្ជាក់ពីបញ្ហាដូចជា ការចូលរួមរបស់គ្រូមិនពេញលេញ និងគុណភាពបង្រៀននៅមានកម្រិត ការតស៊ូមតិ សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រសម្រាប់គ្រូបង្រៀន។
គោលបំណងចុងក្រោយគឺ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់ និងតស៊ូមតិដើម្បីបង្កើនលទ្ធភាព ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន។
គួរជម្រាបដែរថា កម្មវិធីនេះមានអ្នកចូលរួម ២៥៦នាក់ ចាប់ពីអាជ្ញាធរថ្នាក់ស្រុក, មន្ទីរអប់រំខេត្ត, អាជ្ញាធរមូលដ្ឋាន, គ្រឹះស្ថានអប់រំរដ្ឋ, គ្រូបង្រៀន, អង្គការពាក់ព័ន្ធ, សិស្ស និងអាណាព្យាបាលសិស្ស។
នៅពេលព្រឹក សិស្សានុសិស្ស និងគ្រូបង្រៀន បានប្រជុំគ្នារៀបចំក្បួនដង្ហែជាច្រើនឡាន បានហែក្បួនក្នុងមូលដ្ឋានភូមិខ្លះ ក្នុងឃុំដានរុន ស្រុកសូទ្រនិគម ដើម្បីបង្កូកប្រកាសការប្រមូល និងបញ្ជូនកូនទៅរៀន និងអបអរទិវាគ្រូបង្រៀនពិភពលោកផងដែរ៕
អត្ថបទដោយ៖ ស៊ុល រ៉វី
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤