កាលពីប្រមាណកន្លះឆ្នាំមុន លោក ញ៉ែត សុភ័ក្រ្ត គឺជាកម្មករសំណង់ ដែលរកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលនេះ លោក គឺជាអ្នកជំនាញចិញ្ចឹមមាន់យកសាច់ម្នាក់ នៅសង្កាត់អូរក្រសារ ក្នុងក្រុងកែប ខេត្តកែប។ លោក បានឈប់ធ្វើជាកម្មករសំណង់ និងងាកមកចិញ្ចឹមមាន់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពីអង្គការ ហេហ្វឺ។ បច្ចេកទេសទាំងនោះ មានដូចជាការរៀបចំទ្រុង ជ្រើសរើស និងបង្កាត់ពូជ, ការផ្សំចំណី, ការថែទាំ និងការផ្តល់វ៉ាក់សាំងការពារជំងឺជាដើម។
ផ្តើមដំបូងពីការចិញ្ចឹមមាន់សាច់ ៥០ក្បាល សព្វថ្ងៃនេះ លោក សុភ័ក្រ្ត បានពង្រីកការជាបន្តបន្ទាប់ រហូតដល់មានមាន់ពូជប្រមាណ៥០ក្បាល និងមាន់សាច់ជាង១៥០ក្បាល។ បុរសវ័យ៣៩ឆ្នាំរូបនេះ ពិតជារីករាយ ដែលខ្លួនមានឱកាសទទួលបានជំនាញថ្មីសម្រាប់ជីវិត និងជាជំនាញដែលបានធ្វើឱ្យលោក និងគ្រួសារ លែងខ្វះមុខ ខ្វះក្រោយដូចមុន។
ការចិញ្ចឹមមាន់ទទួលបានទិន្នផលល្អ និងបានកែប្រែជីវភាពគ្រួសាររបស់កសិករនៅតំបន់ឆ្នេររូបនេះ ឱ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺលោក ញ៉ែត សុភ័ក្រ អាចចាត់ចែងការចំណាយសប់គ្រប់នៅក្នុងផ្ទះនិងផ្គង់កូនឱ្យរៀនសូត្រដោយមិនលំបាក។
«ពីមុនលំបាកណាស់ ប៉ុន្តែឥឡូវលក់(មាន់)តែ១ ឬ២ អាចឱ្យកូនទៅរៀនបានដែរ។ របរចិញ្ចឹមមាន់ ធ្វើឱ្យជីវភាពគ្រួសារប្រសើរជាងមុន អាចឱ្យកូនៗរៀនសូត្រគ្រប់គ្រាន់។»។
លោក ញ៉ែត សុភ័ក្រ ក៏គ្រោងពង្រីកការចិញ្ចឹមមាន់របស់ខ្លួន ឱ្យកាន់តែធំជាងបច្ចុប្បន្នដែរ។ ទន្ទឹមនឹងនេះ កសិកររូបនេះ ក៏រីករាយក្នុងការចែករំលែកបច្ចេកទេសចិញ្ចឹមមាន់នេះ ទៅដល់កសិករដទៃទៀត ដែរ ដើម្បីយកទៅធ្វើរបររកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ «ខ្ញុំប្ដេជ្ញាថា នឹងខិតខំពង្រីកអាជីវកម្មចិញ្ចឹមមាន់នេះ ឱ្យបានធំទូលំទូលាយ ដើម្បីឱ្យកូនបានរៀនសូត្រ»។
លោក ខៀន ជៀន ជាកសិករម្នាក់ទៀត ដែលទទួលបានបច្ចេកទេសចិញ្ចឹមមាន់ស្រែ និងភ្ញាស់កូនមាន់ ពីអង្គការអង្គការហេហ្វឺដែរ។ មានទីលំនៅក្នុងភូមិកោះក្រស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លោក ខៀន ជៀន ថាការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វនេះ គឺពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាកសិករ ដែលកំពុងត្រូវការចំណេះដឹងថ្មី ដើម្បីបង្កើតមុខរបរដែលផ្តល់ប្រាក់ចំណូលបន្ថែមគ្រួសារ ក្រៅពីការងារធ្វើស្រែ ចម្ការ និងនេសាទ។
លោក ខៀន ជៀន ដែលបានចាប់ផ្តើមការចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់ កាលពីជាងមួយឆ្នាំមុននោះ ថាក្រៅពីផ្តល់បច្ចេកទេសចិញ្ចឹមហើយ អង្គការហេហ្វឺ ក៏បានផ្តល់ដើមទុន ដើម្បីឱ្យខ្លួនអាចចាប់ផ្តើមថ្មីនេះបានដែរ។ កសិករវ័ ២៧ឆ្នាំរូបនេះ បានអះអាងថា មុខរបរចិញ្ចឹម និងភ្ញាស់កូនមាន់លក់នេះ បានធ្វើឱ្យជីវភាពគ្រួសារខ្លួន ទទួលបានកម្រៃប្រចាំខែល្អប្រសើរ ដោយលោកមិនចាំបាច់ត្រូវទៅធ្វើការងារសំណង់ឆ្ងាយពីផ្ទះដូចមុនទៀតឡើយ។
«គម្រោងនេះ បានធ្វើឱ្យជីវភាពគ្រួសារផ្លាស់ប្ដូរ និងមានថវិការច្រើនជាងមុន។ កាលពីមិនទាន់ចូលសិក្សាគម្រោងចិញ្ចឹមមាន់ យើងមិនចេះអ្វីទេ យើងធ្វើការតែមួយមុខ ប៉ុន្តែក្រោយសិក្សាគម្រោងចិញ្ចឹមមាន់នេះហើយ យើងអាចចិញ្ចឹមមាន់ផង រកការងារក្រៅផង ដែលអាចធ្វើឱ្យជីវភាពគ្រួសារប្រសើរឡើងជាមុន។ ការចិញ្ចឹមមាន់នេះ គឺផ្គត់ផ្គង់ទាំងគ្រួសារ និងការសិក្សារបស់កូនផង»។
ក្រៅពីធានាសេដ្ឋកិច្ចគ្រួសារហើយ លោក ខៀន ជៀន រឹតតែសប្បាយចិត្តព្រោះ ការចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ អនុញ្ញាតឱ្យលោកមានពេលវេលានៅផ្ទះជួបជុំគ្រួសារច្រើនជាងមុន។ កសិកររូបនេះ មិនត្រឹមតែបំណង ពង្រីកមុខរបរនេះនៅក្នុងពេលខាងមុខនោះទេ លោកក៏លើកទឹកចិត្តឱ្យកសិករដទៃទៀត ដែលចង់ចិញ្ចឹមមាន់ ឬចិញ្ចឹមសត្វផ្សេងទៀត ត្រូវសិក្សាពីបច្ចេកទេសចិញ្ចឹមឱ្យច្បាស់លាស់ ចៀសវាងចិញ្ចឹមតាមនឹកឃើញ ដែលនាំឱ្យខាតថវិកា និងពេលវេលា។
រយៈពេលជិត២ឆ្នាំហើយ ដែលអង្គការ Heifer ក្រោមការគាំទ្រពីអង្គការ អេដ អេ អាកស្យុង បានចូលរួមពង្រឹង និងលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងផ្អែកសិកម្ម តាមរយៈការបណ្ដុះបណ្ដាល និងផ្ដល់ទុនវិនិយោគ សម្រាប់អនុវត្តន៍សកម្មភាពកសិកម្ម ដោយផ្ដោតលើការចិញ្ចឹមមាន់ស្រែ ចិញ្ចឹមបង្គារ និងចិញ្ចឹមត្រី ដល់ពលរដ្ឋនៅតំបន់សមុទ្រ ប្រមាណ៤០គ្រួសារ។ នេះបើតាម លោក អ៊ុន វឿន អ្នកបច្ចេកទេសកសិកម្មនៃអង្គការហេហ្វឺ។
លោក អ៊ុន វឿន ឱ្យដឹងទៀតថា មិនត្រឹមផ្តល់តែដើមទុនសម្រាប់ការចិញ្ចឹមសត្វនោះទេ អង្គការហេហ្វឺ ក៏បានរកទីផ្សារជូនកសិករនៅក្នុងគម្រោងរបស់ខ្លួនដែរ ដើម្បីធានាថាគ្រួសារកសិករ ទទួលបានកំណើនប្រាក់ចំណូល និងមានជីវភាពរស់នៅប្រសើរឡើង។
«នៅពេលយើងបានជួយទៅដល់ក្រុមគ្រួសារ នៅក្នុងតំបន់គោលដៅរបស់ពួកយើង យើងឃើញថាគ្រួសារទាំងអស់នោះយកប្រាក់ដែលទទួលបានពីចំណូល ទៅជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ប្រសើរជាមុន និងកូនៗរបស់ពួកគាត់ ក៏បានទៅរៀនសូត្រច្រើនជាងមុនផងដែរ។»។
អ្នកបច្ចេកទេសកសិកម្មរូបនេះ សង្ឃឹមថាក្នុងពេលឆាប់ៗ គម្រោងនឹងអាចពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលកសិករជាច្រើនគ្រួសារបន្ថែម ពិសេសនៅតំបន់ឆ្នេរ ដើម្បីរួមចំណែកដល់ការផ្គត់ផ្គង់ផលិផលកម្មខ្មែរនៅលើទីផ្សារ និងការផ្តល់ការងារ និងប្រាក់ចំណូលជាប្រចាំសមរម្យដល់កសិករ។
អង្គការ អេដ អេ អាកស្យុង តាមរយៈគម្រោងនៃសម្ព័ន្ធភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រ សំឡេងសមធម៌សហគមន៍(CO-SAVED) បានសហការជាមួយអង្គការ ហៃហ្វឺ និងសហគមន៍នៅ តំបន់ឆ្នេរសមុទ្រ ដើម្បីផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ មានដូចជាការចិញ្ចឹមមាន់ ទា និងត្រីជាដើម ដល់ប្រជាកសិករ។ គម្រោងបណ្តុះបណ្តាលនេះ មានគោលបំណងរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អង្គការ អេដ អេ អាកស្យុង ជឿជាក់ថា នៅពេលដែលគ្រួសារនីមួយៗមានជីវភាពប្រសើរ កុមារ និងយុវជនក្នុងសហគមន៍ ក៏មានលទ្ធភាពសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ក្លាយជាធនធានដែលមានសក្តានុពល និងអាចចូលរួមអភិវឌ្ឍសហគមន៍ឱ្យរីកចម្រើន ប្រកបដោយនិរន្តរភាព៕
អត្ថបទដោយ៖ សែម ប្រាក់ដាវ & ផាត ដាណេ
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤