សៀមរាប៖ អង្គការ អេដ អេ អាក់ស្យុង (AEA) នៅថ្ងៃទី១៤ ខែកញ្ញា សហការជាមួយដៃគូ និងអាជ្ញាធរខេត្តបាត់ដំបង បានប្រារព្ធយុទ្ធនាការស្ដីពី «អក្ខរកម្ម និងសុខភាពសិក្សា»។ យុទ្ធនាការនេះ បានរៀបឡើងនៅសាលាបឋមសិក្សាព្រែកទាល់ ស្ថិតនៅបឹងទន្លេសាប មូលដ្ឋានឃុំកាំងជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នាវេទិកានេះ លោក យិនសៀង សុមេធ ប្រធានកម្មវិធីនៃអង្គការ អេដ អេ អាកស្យុង (AEA) បញ្ជាក់ថា យុទ្ធនាការ «អក្ខរកម្ម និងសុខភាពសិក្សា» ជាយុទ្ធនាការផ្សារភ្ជាប់នឹង «ទិវាអក្ខរកម្មជាតិ» លើកទី២៤។ ដោយឆ្នាំនេះទិវាអក្ខរកម្ម ធ្វើឡើងក្រោមប្រធានបទ «អក្ខរកម្មជាជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍»។
យុទ្ធនាការនេះ ធ្វើឡើងក្រោមគោលបំណង ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីសុខភាព និងអនាម័យ។ បំផុសការចូលរួមពីអាណាព្យាបាលសិស្ស និងគ្រូបង្រៀន ឱ្យជម្រុញលើកទឹកចិត្ត និងបង្កឱកាសឱ្យកុមារអានសៀវភៅ និងធ្វើកិច្ចការផ្ទះ ការថែរក្សាអនាម័យខ្លួនប្រាណក្នុងពេលវិសមកាល ដើម្បីត្រៀមលក្ខណៈបវេសនកាលថ្មី។
មួយវិញទៀត យុទ្ធនាការដែលមានអ្នកចូលរួម ១៣០នាក់នេះ ក៏ដើម្បីកៀរគរការចូលរួមពីសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងការគាំទ្រដល់សកម្មភាពសាលារៀន ជាពិសេសកុមារងាយរងគ្រោះ និងកុមារនៅក្រៅសាលាបានចូលរៀន។
អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការ Oxfam បានបង្ហាញពីសុទិដ្ឋិនិយមថា យុទ្ធនាការនេះជាគំនិតគិតគូរវែងឆ្ងាយមួយ ក្នុងវិស័យអប់រំ។ អ្នកស្រីបន្ថែមដូច្នេះ៖«ពេលនេះយើងឈានទៅមុខមួយជំហានទៀត គឺចេះហើយ យកទៅប្រើប្រាស់ ដើម្បីជាបំណិនជីវិត ហើយទន្ទឹមនឹងនោះដែរយើងស្វែងរកនវានុវត្តន៍ផ្សេងៗ និងការច្នៃប្រឌិតផ្សេងៗគ្នា។»។
អ្នកស្រី សោភ័ណ ក៏លើកទឹកចិត្តដល់មាតាបិតាសិស្សនៅតំបន់បឹងទន្លេសាបនេះ ឱ្យបញ្ចូនកូនរបស់ពួកគេទៅសាលាឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺការបញ្ចូនកូនស្រីឱ្យទទួលបានការអប់រំ និងបញ្ចប់ការសិក្សានៅថ្នាក់ខ្ពស់។
ដោយអក្ខរកម្ម ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបក្នុងសង្គម លោក ជា ម៉ែន តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ជម្រុញនឹងលើកទឹកចិត្តដល់អាណាព្យាបាលសិស្ស នៅសហគមន៍បឹងទន្លេសាប ចងក្រងថ្នាក់បណ្ដុះបណ្ដាល«អក្ខរកម្ម»នេះ។
លោកជឿថា សហគមន៍មួយដេលមានសមត្ថភាពក្នុងការចេះសរសេរ និងអាន បង្កភាពងាយស្រួសក្នុងជីវភាពរស់នៅរបស់ពួកគេ ពោលគឺអក្ខរកម្ម ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍របស់ពួកគេ។
ជាមួយគ្នានេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល លើកឡើងថា អក្ខរកម្ម ជាចំណុចស្នូលសំខាន់មួយ ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងសហគមន៍ និងប្រទេសជាតិ។ លោកបន្តទៀតថា ដោយអក្ខរកម្មជាចំណុចសំខាន់ក្នុងវិស័យអប់រំ រដ្ឋាភិបាលបានជ្រើសជាវិស័យអាទិភាព ដែលត្រូវបានយកចិត្តទុកដាក់។
លោកសង្កត់ធ្ងន់ដូច្នេះ៖ «ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ គឺវិស័យអប់រំ ជាវិស័យអាទិភាព ពោលគឺចំណេះដឹងនេះឯង ដែលចូលរួម អភិវឌ្ឍន៍ប្រទេសបាន។»។
វិស័យអប់រំនៅតំបន់បឹងទន្លេសាប ត្រូវបានដៃគូអង្គការ និងអាជ្ញាធរមូលដ្ឋាន មើលឃើញថាកំពុងអភិវឌ្ឍន៍សន្សឹមៗទៅមុខ។ ទន្ទឹមនឹងការអភិវឌ្ឍ វិស័យអប់រំនៅនឹងទន្លេសាប ផលលំបាក និងចំណុចខ្វះខាតនៅតែមាន។
ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍវិស័យអប់រំនៅតំបន់បឹងទន្លេសាប លោក យិនសៀង សុមេធ ប្រធានកម្មវិធី នៃអង្គការ AEA លើកឡើងថា គឺទាមទារក៏ចូលរួមពីគ្រប់ភាគីពាក់ព័ទ្ធទាំងអស់ រាប់ទាំងអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន និងអាណាព្យាបាលសិស្ស។
គួររម្លឹកផងដែរថា យុទ្ធនាការ «អក្ខរកម្ម និងសុខភាពសិក្សា»នេះក្រោមកិច្ចសហការនៃគម្រោង គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ (FOSTER)។
ចាប់ពីឆ្នាំ២០២១ ក្រោមកិច្ចសហការក្រោមគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ (FOSTER) បានផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់សាលារៀនសរុបចំនួន ១៤១ លើកម្មវិធីទឹកស្អាត និងអនាម័យតាមសាលារៀន និងកម្មវិធីអប់រំ។ ក្នុងនោះមានមត្តេយ្យសហគមន៍ ៤៤, បឋមិសក្សា ៨៣ និងអនុវិទ្យាល័យ ១៤ ស្ថិតតាមស្រុកគោលដៅទាំង៩ នៃខេត្តបាត់ដំបង, សៀមរាប និងបន្ទាយមានជ័យ។
គម្រោង FOSTER គាំទ្រមូលនិធិដោយសហភាពអឺរ៉ុប (EU) និងសម្របសម្រួលអនុវត្តដោយអង្គការ Oxfam និងកម្មវិធីដៃគូរួមផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ក្នុងភាពជាដៃគូជាមួយ EAC-Educate A Child សម្របសម្រួលអនុវត្តដោយអង្គការ អេដ អេ អាក់ស្យុង (AEA) ចាប់ពីឆ្នាំ២០២១មក។
គម្រោងនេះ ក្រោមគោលបំណងលើកកម្ពស់ការយល់ដឹងពីសុខភាព និងអនាម័យតាមសាលារៀន និងការអប់រំ, ការក្រើនរំឭក និងកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការគាំទ្រ និងចូលរួមសកម្មភាព លើកម្ពស់លទ្ធភាពនៃការចូលរៀន ប្រសិទ្ធិភាពនៃការសិក្សា និងសុខភាពសិក្សារបស់កុមារគ្រប់រូប។ ពង្រឹងសមត្ថភាពគ្រូបង្រៀន ការកែលម្អបរិស្ថានសិក្សា និងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។
គួរជម្រាបផងដែរថា ទិវាអក្ខរកម្មជាតិ ៨កញ្ញា លើកទី២៤ ត្រូវបានរដ្ឋាភិបាលប្រារព្ធធ្វើឡើងចាប់ពីឆ្នាំ២០០០មកម្លេះ ខណៈឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង។ យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានៅឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យ ៨៤.៧ភាគរយ និងចំណុចដៅសម្រេចឱ្យបាន ៩១.៥ភាគរយ នៅឆ្នាំ២០២៨ ដូចមានចែងក្នុងផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨។ ទោះយ៉ាងណាកការងារនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ៕
អត្ថបទដោយ៖ ស៊ុល រ៉វី
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤