ខេត្តកំពត មានតំបន់ទេសចរណ៍ទាក់ទាញដល់ទៅ២៥កន្លែង ក្នុងនោះមានទាំងតំបន់សមុទ្រ, ទឹកធ្លាក់, ព្រៃកោងកាង និងតំបន់ព្រៃភ្នំ…ជាដើម។ លើសពីនេះ, ផលិតផលកសិកម្មរបស់ខេត្តជាប់មាត់សមុទ្រមួយនេះក៏មានភាពលេចធ្លោថែមទៀត ដែលមាននូវម្រេចសម្គាល់ភូមិសាស្ត្រ ដោយបានការទទួលស្គាល់ពីទីផ្សារពិភពលោក ផ្លែទុរេន និងវាលស្រែអំបិលប្រមាណ៤០០០ហិកតា ផងដែរ។ ទាំងនេះ ជាសក្តានុពលដ៏សម្បូរបែប សម្រាប់អ្នកប្រកបរបរ នៅក្នុងវិស័យសហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs)។
រៀងរាល់សប្តាហ៍ មានភ្ញៀវទេសចរប្រមាណ៥ម៉ឺននាក់ មកលេងកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានា នៅក្នុងទឹកដីខេត្តកំពត ដោយភាគច្រើន គឺជាភ្ញៀវជាតិ។ នេះជាការលើកឡើងរបស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលអ្នកទេសចរទៅកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, កំពង់ត្រាច, ភ្នំឈ្ងោក, ដូងទេរ, ព្រែកត្នោត, ព្រែកកំពត, ឧទ្យានដងព្រែក, ទឹកធ្លាក់តាដា, ទំនប់ម្លិច, សហគមន៍ត្រពាំងសង្កែ, កសិ-ទេសចរណ៍ចម្ការម្រេច កន្លែងសេះសមុទ្របាញ់ទឹក និងកន្លែងជាច្រើនទៀត។
ក្នុងពិធីសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប ជាផ្លូវការ នាថ្ងៃទី២ កក្កដា លោក សយ ស៊ីណុល បានលើកឡើងថា បច្ចុប្បន្ន ខេត្តកំពតមានសេវាស្នាក់នៅ៥០០០បន្ទប់ ខណៈសេវាកម្មម្ហូបអាហារ និងភោជនីដ្ឋាននៅមានកម្រិត ដែលមិនអាចឆ្លើយតបគ្រប់គ្រាន់ តាមតម្រូវការចំនួនភ្ញៀវទេសចរដែលសម្រុកមកលេងកម្សាន្តនារដូវកាលបុណ្យទាន ឬថ្ងៃឈប់សម្រាកបានឡើយ។
បើតាមលោក សយ ស៊ីណុល សេវាកម្មភោជនីយដ្ឋាននៅខេត្តកំពត គឺមានកម្រិតត្រឹមមធ្យមប៉ុណ្ណោះ ដោយទាមទារឱ្យអ្នកប្រកបរបរក្នុងវិស័យមីក្រូធុនតូច និងមធ្យម ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងវិស័យនេះ ដែលជាតម្រូវការចាំបាច់របស់ខេត្តកំពត ដើម្បីឆ្លើយតបនឹងកំណើនទេសចរ។
«និន្នាការនៃកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នឹងពិតជាមានច្រើនទៀត ដោយសារយើងមានលំហូរភ្ញៀវទេសចរពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»។ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញសុទិដ្ឋិនិយមជាក់បែបនេះ ដោយជឿជាក់ ថាកំពង់ផែនេះ នឹងបម្រើជាផ្លូវទឹកអន្តរជាតិដ៏សំខាន់ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ទៅ កាន់កោះនានា និងភ្ជាប់ខេត្តកំពត ទៅនឹងផែនទីពិភពលោក ដើម្បីផ្តល់នូវការជំរុញដ៏ សំខាន់ ដល់វិស័យទេសចរណ៍ក្នុងស្រុក។
ក្រៅពីវិស័យទេសចរណ៍ ខេត្តកំពតក៏មានសក្តានុពលខ្ពស់លើការកែច្នៃម្ហូបអាហារគឿង សមុទ្រ រួមទាំងផលិតផលកសិកកម្មសំខាន់ប្រចាំខេត្តផងដែរ នោះគឺជាម្រេច GI ទុរេន និងស្រែអំបិល។ លើសពីនេះ ខេត្តមានឆ្នេរសមុទ្រជាង៦៦គីឡូម៉ែត្រនេះ ក៏មានទីតាំងនៅជិតរាជធានីភ្នំពេញដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមកលេងកម្សាន្តបានញឹកញាប់ និងមិនជិនណាយ។
ជុំវិញនៃសក្តានុពលដ៏សម្បូរ បែបរបស់ខេត្តកំពតនេះ លោក ឃឹម ប៊ុនឡែន ប្រធាន សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប នឹងប្រឹងប្រែងកៀរគរវិនិយោគិនទាំង ជាតិ និងអន្តរជាតិ ឱ្យមកបោះទុនវិនិយោគនៅក្នុងខេត្តនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ តាមផែនការ សមាគមសហគ្រិនវ័យ ក្មេងកម្ពុជាសាខាកំពត-កែប នឹងជំរុញការវិនិយោគនៅក្នុងខេត្តកំពត-កែប ពីក្នុងស្រុក និងបរទេស ឱ្យបានដល់ទំហំ១០លានដុល្លារ នៅត្រឹមឆ្នាំ២០២៦។
ទន្ទឹមនេះ សមាគមនឹងព្យាយាមបណ្តុះបណ្តាលសមត្ថភាព ចំណេះជំនាញនៃការគ្រប់គ្រងរបស់ម្ចាស់អាជីវករនីមួយៗឱ្យកាន់តែប្រសើរ ជាពិសេសបង្កើនលទ្ធភាពស្វែងរកការពង្រីកអាជីវកម្ម វិនិយោគ និងដៃគូសហការជាមួយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា។ សំខាន់ជាងនេះទៅទៀត សមាគម ក៏មានផ្លេតហ្វូម សម្រាប់ចែករំលែកឱកាសរកស៊ីនានា ដល់អាវជីករ ដោយទទួលបានការគាំទ្រខ្លាំង ពីអាជ្ញាធរខេត្តផងដែរ។
លោក ឃឹម ប៊ុនឡែន បានអះអាង នៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប នឹងអនុវត្តតាមទៅតាមទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យសេដ្ឋកិច្ចខេត្តទាំង២នេះ កាន់តែរីកចម្រើន។ លោកបានបង្ហាញភាពជឿជាក់យ៉ាងដូច្ន៖ « យើងអាចសម្រេចបាននូវអ្វីជាគោលបំណងរបស់យើង ឬអាចលើសពីហ្នឹងផង បើអ្វីៗដំណើរការដោយរលូន និងទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ»។
រាល់ការវិនិយោគ ឬការរកស៊ីណា ដែលគោរពតាមគោលការណ៍បរិសា្ថនសំដៅលើការ លើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងតំបន់ និងមិនប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ខាងរដ្ឋបាលខេត្តស្វាគមន៍ និងគាំទ្រជានិច្ច។ នេះជាការលើកឡើងរបស់ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត ដោយបានបញ្ជាក់ថា៖ «បងប្អូនអាជីវករយើងរកស៊ីអ្វីក៏បានដែរ ឱ្យតែគោរពតាមច្បាប់ និងបង្កបរិយាយល្អដល់អ្នកទេសចរ ដែលមកកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា នៅខេត្តរបស់យើងនេះ»។
អ្វីដែលអាជ្ញាធរខេត្តរូបនេះ ទាមទារពីគ្រប់ម្ចាស់អាជីវករនោះ គឺការចៀសឱ្យបាននូវការ រំខាន ឬការបង្កភាពរញ៉េរញ៉ៃ ឬភាពគ្មានសណ្តាប់ធា្លប់ណាមួយ ដល់ភ្ញៀវទេសចរ។ លោក ពេញ ធារម្យ បានបញ្ជាក់ថា៖«ការធ្វើបែបនេះបាន វាមិនត្រឹមជាប្រយោជន៍សម្រាប់ម្ចាស់ អាជីវកម្មនោះទេ តែវាក៏ផ្តល់ប្រយោជន៍ រួមទាំងភាពថ្លៃធូរនៃខេត្តទេសចរណ៍យើង ផងដែរ»។
ការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប ក៏ទទួលបានគាំទ្រពីគម្រោង កម្មវិធី CO-SAVED នៃអង្គការ អេ អាកស្យុង(AEA) ដើម្បីរៀបចំសៀវភៅមគ្គុវិនិយោគ ក្នុងខេត្តជាប់ឆ្នេរសមុទ្រ រួមទាំងការកសាងសមត្ថភាពម្ចាស់អាជីវកម្ម។ បើតាមលោក ម៉ៅ យេ នាយកគម្រោងកម្មវិធី CO-SAVED នៃអង្គការ អេ អាកស្យុង(AEA) គម្រោងបានគាំទ្រដល់ សហគមសហគ្រិនវ័យក្មេងកម្ពុជា ឱ្យបង្កើតកម្មវិធីចែករំលែកបទពិសោធន៍ និងការ ផ្សារភ្ជាប់គ្នា រវាងម្ចាស់អាជីវកម្មគ្រប់វិស័យ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកមួយសម្រាប់សេដ្ឋកិច្ចជាតិ។
លើសពីនេះ AEA ក៏មានកញ្ចប់ថវិកា ១,៧លានដុល្លារ សម្រាប់សហគ្រាសមីក្រូធុនតូច និងមធ្យម ដាក់ពាក្យយកថវិកានេះ ដើម្បីបង្កើតមុខរបរ ឬ ពង្រីកអាជីវកម្មនានា ហើយនឹងបន្តគាំទ្រថវិកាដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជានៅតាមខេត្តនានាដល់ឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពរបស់អាជីវករដែលជាសមាជិក និងមិនសមាជិកក្តី ឱ្យកាន់តែរឹងមាំ។
«យើង នឹងបន្តគាំទ្រចំណែកណាមួយ ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅតាមខេត្ត ជាប់ឆ្នេរសមុទ្រនេះ ដើម្បីរៀបចំកម្មវិធី បណ្តុះបណ្តាលនានា នៃសកម្មភាពអាជីវកម្ម ដល់ អ្នកប្រកបរបរក្នុងវិស័យមីក្រូធុនតូច និងមធ្យម»។ លោក ម៉ៅ យេ បាននិយាយបែបនេះ មក កាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ដែលបានបញ្ជាក់ថា ការគាំទ្របែបនេះ គឺ ដើម្បីធានានូវនិរន្តភាព និងភាពជោគជ័យសេដ្ឋកិច្ចរបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យសហ គ្រាសមីក្រូធុនតូច និងមធ្យមផ្ទាល់តែម្តង ក៏ដូចជាសេដ្ឋកិច្ចខេត្តផងដែរ។
បច្ចុប្បន្ន កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs)ចំនួន ៧៥៣,៦៧០មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់(ជិត៣លាននាក់)។ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់។
លទ្ធផលជំរឿនសេដ្ឋកិច្ចចុងក្រោយ ឆ្នាំ២០២២របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បង្ហាញថា វិស័យMSMEs បានចូលរួមក្នុងផលិតផលក្នុងស្រុក សរុបស្មើ៦៣ភាគរយ និងផ្តល់ការងារលើសពី៧០ភាគរយ ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។ លើសពីនេះ រដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត បានអះអាងថា MSMEs នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ តទៅអនាគត។
ក្នុងទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមិថុនា សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖«ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិនេះ ជា ចលករយ៉ាងសំខាន់មួយ ដែលនាំឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ (ប្រទេសអ្នកមាន) នៅឆ្នាំ២០៥០»៕
អត្ថបទ៖ អ៊ូ សុខមាន
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤