អង្គការ អេដ អេ អាកស្យុង (AEA) នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់ទៅកាន់សហគមន៍នេសាទជាច្រើនទៀត ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ឆ្នេរ និងការអប់រំរបស់កុមារ។ នេះបើតាមការបញ្ជាក់របស់ លោក វន សំភាស់ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការអេដ អេ អាកស្យុង។
ឆន្ទៈពង្រីកវិសាលភាពគម្រោងចិញ្ចឹមសត្វ ដល់ប្រជាកសិករនៅតំបន់ឆ្នេរនេះ គឺធ្វើឡើងស្របនឹងការអំពាវនាវរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងទិវាមច្ឆជាតិ លើកទី១៩ នៅថ្ងៃទី១ កក្កដានេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋបង្កើនការចិញ្ចឹមត្រី និងវារីសត្វផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការបរិភោគប្រចាំថ្ងៃ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងកសិកម្ម បង្កើនការស្រាវជ្រាវ ការភ្ញាស់ពូជត្រី ការចែកចាយ និងបន្តអភិរក្សប្រភេទត្រីកម្រៗបន្ថែមទៀតដែរ។
លោក វន សំភាស់ បន្តប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នៅក្នុងវិស័យជលផល អង្គការ AEA បានធ្វើសកម្មភាពច្រើន ដើម្បីផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ផ្ដល់មេពូជត្រី ទីផ្សារ និងសម្ភារជាច្រើនទៀត ដើម្បីឱ្យពលរដ្ឋរស់នៅតាមតំបន់មាត់សមុទ្រ និងបឹងទន្លេសាប មានចំណេះជំនាញចិញ្ចឹមត្រី សម្រាប់បង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីរបរនេសាទត្រី និងទេសចរណ៍។
បេសសកម្មរបស់ AEA គឺផ្ដោតសំខាន់លើការចិញ្ចឹមត្រីឆ្ពង់ជាចម្បង ដោយសារវាងាយស្រួលចិញ្ចឹម និងមានទីផ្សារគ្រប់គ្រាន់។ តាមរយៈគម្រោងចិញ្ចឹមត្រីនេះ ក៏គាំទ្រដល់ការអប់រំរបស់កុមារក្នុងសហគមន៍នេសាទកាន់តែប្រសើរផងដែរ។ «នៅក្នុងវិស័យជលផលនេះ យើងបានរួមចែក ផ្ដល់មុខរបរដល់ពលរដ្ឋបន្ថែម ពីលើការរកស៊ីនេសាទត្រី ទេសចរណ៍ និងមុខរបរផ្សេងៗទៀត។ លើសពីនេះ គម្រោងចិញ្ចឹមត្រីឆ្ពង់នេះ វាបានគាំទ្រឱ្យកុមារក្នុងសហគមន៍នេសាទ ទទួលបានការអប់រំកាន់តែល្អប្រសើរ»។ លោក វន សំភាស់ ថ្លែងដូច្នេះ។
បច្ចុប្បន្ន AEA បានផ្ដល់ការគាំទ្រជំនាញចិញ្ចឹមត្រីឆ្ពង់ ទឹកស្អាត និងទេសចរណ៍ ដល់សហគមន៍នេសាទប្រមាណ៧៥ឃុំ នៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កែប កំពត ព្រះសីហនុ និងកោះកុង។ អង្គការមួយនេះ ប្ដេជ្ញាពង្រីកគម្រោងចញ្ចឹមត្រីឆ្ពង់នេះ ទៅកាន់សហគមន៍ជាច្រើន ដើម្បីឆ្លើយតបការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ដែលឱ្យពលរដ្ឋ បង្កើនការចិញ្ចឹមត្រី និងវារីសត្វផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការបរិភោគរបស់ពលរដ្ឋ។
លោក វន សំភាស់ ប្រាប់ដូច្នេះថា៖«ពួកបានឃើញការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលជលផល។ ពួកយើងសន្យាពង្រីកការចិញ្ចឹមត្រីឆ្ពង់ ក្នុងភាពជាដៃគូជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានបន្ថែមទៀត»។
សូមជម្រាបថា នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានផលវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ៣១៤ ពាន់តោន ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធ លើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងបាននាំចេញផលិតផលជលផល ជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង។ ទន្ទឹមនោះ កម្ពុជាក៏បាននាំចេញផលិតផលជលផល៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤ ទៅកាន់ប្រទេសចិន ផងដែរ៕
អត្ថបទ៖ ឈុំ ចន្ថា
ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤