កំពត៖ ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានឱ្យដឹងថា ដើម្បីធានាចរន្តសាច់ប្រាក់របស់អង្គការម្ចាស់ជំនួយឲ្យមានលំហូរចុះឡើងនៅក្នុងដៃរបស់ប្រជាសហគមន៍បានយូរអង្វែង ដៃគូមកពីវិស័យឯងជន ដៃគូម្ចាស់ជំនួយ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោយពីបានចុះពិនិត្យ បានសន្យាថា នឹងរកវិធីជួយវិនិយោគបន្ថែមទៅលើការចិញ្ចឹមត្រីឆ្ពង់ ការវេចខ្ចប់ ការបង្កក និងការដឹកជញ្ជូនឱ្យត្រូវតាមស្តង់ដាអនាម័យ។
លោក វន សំភាស់ បានឱ្យដឹងដូចនេះ ក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងឱកាសទីផ្សារលើវារីវប្បកម្ម និងអេកូទេសចរណ៍របស់សហគមន៍នោះផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមជាគណៈធិបតីពីសំណាក់ លោក មៀវ សុខទ្រី ប្រធានសមាគម អ្នកផលិតចំណីអាហារកម្ពុជា, លោកស្រី អ៊ុត កល្យាណ អនុប្រធានគម្រោងហាវែស III ផងដែរ ដើម្បីបង្ហាញពី ១.សុវត្ថិភាពចំណីអាហារ ការប្រើប្រាស់សារធាតុបន្ថែមក្នុងចំណីអាហារប្រកបដោយសុវត្ថិភាពសម្រាប់ម៉ាកក្នុងស្រុក ២. ការអនុលោមតាមច្បាប់ និងផលិតផលសម្រាប់ម៉ាកក្នុងស្រុក ៣. ការគ្រប់គ្រងហិរញ្ញវត្ថុ/ពន្ធសម្រាប់យីហោក្នុងស្រុក ៤. យុទ្ធសាស្រ្តលក់ និងទីផ្សារសម្រាប់យីហោក្នុងស្រុក។
លោក វន សំភាស់ បានបញ្ជាក់ថា ដោយមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ត្រពាំងសង្កែ ដែលជាសហគមន៍នេសាទ បានប្រែក្លាយជាសហគមន៍ទេសចរណ៍អេកូទេសចរណ៍ធម្មជាតិគំរូមួយ ដែលបានរៀបចំកែច្នៃបង្កើតជាការងារជាច្រើន តាមរយៈការផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវមកលេងកម្សាន្ត និងស្នាក់នៅជិត ៦ម៉ឺននាក់ ក្នុងមួយឆ្នាំ និងបានចូលរួមជួយលើកកម្ពស់ជីវភាពសមាជិកសមាជិកាសហគមន៍ ជួយអភិរក្សព្រៃកោងកាង និងអភិរក្សតំបន់ឆ្នេរកុំឱ្យបាត់បង់ជាដើមផងនោះ ទើបថ្ងៃនេះដៃគូមកពីវិស័យឯងជន និងដៃគូម្ចាស់ជំនួយ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានចុះពិនិត្យ នឹងរកវិធីជួយវិនិយោគបន្ថែមទៅលើការចិញ្ចឹមត្រីឆ្ពង់ ការវេចខ្ចប់ ការបង្កក និងការដឹកជញ្ជូន ឱ្យត្រូវតាមស្តង់ដាអនាម័យ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតដល់សហគមន៍។
ជាមួយគ្នានេះដែរ លោក លីវ សុផល គណៈកម្មការសហគមន៍នេសាទត្រពាំងសង្កែ បានបញ្ជាក់ថា គម្រោងបានផ្តល់ជំនួយជាថវិកាសម្រាប់ចិញ្ចឹមត្រីចំនួន ៩គ្រួសារ ដោយក្នុងមួយគ្រួសារមាន ៣បែ រួមនឹងបែន្ថែមថ្មីៗនេះទៀត សរុបទាំងអស់សហគមន៍មាន ៤២បែ។ ជំហ៊ានដំបូងនៃការសាកល្បងចិញ្ចឹមនេះ ទទួលបានលទ្ធផលល្អ ត្រីឆ្ពង់ដែលបានចិញ្ចឹមក្នុង១បែទទួលផលបានពី ៣០០ ទៅ ៤០០រយកូន ហើយធំធាត់បានលឿន និងមានរស់ជាតិឆ្ងាញ់ជាងត្រីឆ្ពង់ចិញ្ចឹមនៅកន្លែងផ្សេង៕
អត្ថបទ៖ វង្ស សុធារម្យ
ដកស្រង់ចេញពី គេហទំព័រ CNC ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤