៦​ ខែ CCOOSC ​កសាង​សមត្ថភាព​គ្រូ​ និង​តួអង្គ​អប់រំ​ជាង​ ៦ ០០០​ នាក់

ភ្នំពេញៈ ៦ ​ខែ​ក្នុងឆ្នាំនេះ គម្រោង ​CCOOSC ​បានផ្តល់​ការ​កសាង​សមត្ថភាព​គ្រូបង្រៀន និង​តួអង្គ​អប់រំ​ជាង​ ៦ ០០០ នាក់ ខណៈ​គ្រូបង្រៀន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ និង​ទទួលបាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវបាន​រកឃើញថា អាចជួយ​កុមារ​ទាំងអស់​ឱ្យ​រៀនសូត្រ​បានល្អ​។​

​អង្គការ Aide et Action បានឱ្យ ​ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា ក្នុង​រយៈ​ពេល ​៦​ ខែ ដើមឆ្នាំ​ ២០២៣ ​នេះ កម្មវិធី​ដៃគូ​រួមគ្នា​ផ្តល់ឱកាស​អប់រំ​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា ​(CCOOSC)​ បាន​សហការ​ជាមួយ ​Education Above All តាមរយៈ Educate a Child ដឹកនាំ​ដោយ Aide et Action បានផ្តល់​ការអភិវឌ្ឍ​សមត្ថ​​ភាព​ដល់​គ្រូបង្រៀន និង​តួអង្គ​អប់រំ​សរុប​ជាង ​៦ ៣០០​ នាក់​។​

Aide et Action​បានឱ្យដឹង​ទៀតថា ក្នុងនោះ តួអង្គ​អប់រំ​ជាង ​១ ៨០០​ នាក់ ដែល​ភាគ​​ច្រើន​ជានា​យក​សាលា និង​មន្ត្រី​ការិយាល័យ​អប់រំ​ខេត្ត បាន​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​វិជ្ជាជីវៈ​ជាង ​១៤៨ ​វេទិកា​សិក្សា​និង​កម្មវិធី​សិក្ខាសាលា​។

Aide et Action បាន​បញ្ជាក់ថា​៖ «​ច្រើនជាង ​១៦៨​ កម្មវិធី​អភិវឌ្ឍន៍​វិជ្ជាជីវៈ លើ​ប្រធានបទ​ដូចជា ការអប់រំ​បរិ​យា​ប័ន្ន បំ​ណិ​ន​ជីវិត ការអប់រំ​ក្រៅផ្លូវការ​/​ពិសេស ការត្រួតពិនិត្យ​តម្រូវការ​ពិសេស និង​វិធីសាស្ត្រ​បង្រៀន ត្រូវបាន​ផ្តល់ជូន​សម្រាប់​គ្រូបង្រៀន​បឋមសិក្សា​ជាង​ ៤០០​ នាក់​។ សកម្ម​ភាព​ទាំងនេះ​ត្រូវបាន​ទទួល​ដោយ​ការ​សាទរ​ពី​គ្រូបង្រៀន និង​សិស្សានុសិស្ស​»​។​

លោក វន សំភាស់ នាយក​ប្រចាំ​កម្ពុជា​នៃ​អង្គការ Aide et Action បានឱ្យដឹងថា នៅ​កម្ពុជា​សមត្ថភាព​គ្រូបង្រៀន​កម្រិត​បឋម​នៅតែ​ជា​ឧបសគ្គ​មួយ​ក្នុង​វិស័យ​អប់រំ ពិសេស​នៅ​ជនបទ និង​តំបន់​ដាច់ស្រយាល​។

​លោក​បាន​បន្តថា ការបណ្តុះ​បណ្តាល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​គ្រូបង្រៀន និង​តួអង្គ​អប់រំ ​(​តួអង្គ​អប់រំ​៖ មនុស្ស​ដែល​ធ្វើការ​ក្នុង​វិស័យ​អប់រំ​)​ មាន​សារៈ​សំខាន់​ណាស់​ក្នុងការ​រក្សា​កុមារ​មក​រៀន​នៅ​សាលា​។ លោ​កថា ​នៅពេល​គ្រូបង្រៀន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ពួកគាត់​អាចជួយ​កុមារ​រៀនសូត្រ​បានល្អ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កញ្ចប់​កម្មវិធីសិក្សា​ថ្នាក់​បំប៉ន កម្មវិធី​បំ​ណិ​ន​ជីវិត ការប្រឹក្សា​កុមារី ឧបករណ៍​តាមដាន​ទិន្នន័យ​មូលដ្ឋាន ការអប់រំ​ពិសេស វិធី​សាស្ត្រ​បង្រៀន​សម្រាប់​កម្មវិធី​ព​ហុ​ភាសា ការគ្រប់គ្រង​បណ្ណាល័យ ផែនការ​ប្រតិបត្តិការ​ប្រចាំឆ្នាំ​របស់​សាលារៀន និង​ការ​ពិនិត្យមើល​ចក្ខុវិស័យ​គឺជា​ប្រធានបទ​ដែលមាន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​»​។​

​លោក​ យី ខ​ប នាយក​សាលា​បឋមសិក្សា​ប្រាសាទ ក្នុងស្រុក​​ពួក ខេត្តសៀមរាបបាន​ថ្លែងថា បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​គម្រោងឃើញថា សាលា​បឋម​​សិក្សា​ប្រាសាទកំពុង​ផ្លាស់ប្តូរ​លទ្ធផល​ថ្មី​រួមមាន បរិយាកាស​សាលា​បាន​ផ្លាស់ប្តូរ​ជា​ពណ៌​បៃតង សាលា​បាន​សាងសង់​ដំបូល​ដើម្បី​ចម្រោះ​ទឹក​សម្រាប់​សិស្ស​ជួសជុល​សួនច្បារ សាលារៀន សាងសង់​ឡ​ដុត​សំរាម កន្លែង​ដាក់​សំរាម​តាម​ប្រភេទ​ផ្សេងគ្នា និង​បង្គន់​អនាម័យ ជាដើម​។​

​លោក​បាន​បន្ថែមថា ចំណែក​គ្រូបង្រៀន​ភាគច្រើន​ពេញចិត្ត​និង​ចូលរួម​ក្នុង​សកម្មភាព​គម្រោង​ស្របពេល​សមត្ថភាព​រប​ស់​សិស្ស​ក៏​កើនឡើង​ផងដែរ បន្ទាប់ពី​ទទួលបាន​កម្មវិធីសិក្សា​បំប៉ន អត្រា​បោះបង់​ការសិក្សា​ក៏​កាត់បន្ថយ ហើយ​ឪពុកម្តាយ​ភាគច្រើន​ជឿជាក់​លើ​គណៈ​​កម្ម​ការគ្រប់គ្រង​សាលា​។​

លោក​ថា​៖ «​កាលពី​ ២​ ឆ្នាំមុន បរិយាកាស​នៅ​សាលារៀន​ខ្ញុំ​នៅមានកម្រិត​នៅឡើយ គ្មាន​ទីធ្លា​សាលារៀន​ប្រកបដោយ​ផាសុកភាព គ្មាន​កន្លែង​ចោល​សំរាម គ្មាន​កន្លែង​សម្រាប់​សិស្ស​ដាក់​កង់ សិស្ស​ជាច្រើន​ចុះឈ្មោះ​ចូលរៀន​យឺត ហើយ​គុណភាព​នៃ​ការអប់រំ​សិស្ស​កាន់តែ​យ៉ាប់យ៉ឺន​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ មាន​សិស្ស​រៀន​យឺត​ច្រើន ខ្វះ​សម្ភារ​សិក្សា ខ្វះ​ទឹក​ពិសា​មាន​​សុវត្ថិភាព​»៕


អត្ថបទដោយ៖ ឡុង គីមម៉ារីតា

ដកស្រង់ចេញពី គេហទំព័រ ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *