បណ្ណាល័យ Digital ថ្មីមួយ និងអគារសិក្សា១ខ្នងមាន ៥បន្ទប់ សម្រាប់កុមារពិការសតិបញ្ញា និងអូទីហ្សឹម ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាទួលគោក អង្គការសាលារៀនទន្សាយ រាជធានីភ្នំពេញ ដែលជាសាលារៀនគោលដៅមួយក្នុងចំណោមសាលារៀនទាំង ៧០ដទៃទៀតរបស់កម្មវិធី។
សមិទ្ធផលនេះ កើតចេញពី “កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” ដែលដឹកនាំដោយអង្គការ អេត អេ អាក់ ស្យុង ក្រោមជំនួយឧបត្ថម្ភថវិការពីអង្គការ អ៊ី អេ ស៊ី (Educate A Child) អង្គការសាលារៀនទន្សាយ ព្រមទាំងភាគីរាជរដ្ឋភិបាលកម្ពុជាតំណាងដោយក្រសួងអប់រំ យុវជន និងកីឡា។
អគារ៥បន្ទប់នៃសាលាបឋមសិក្សាទួលគោក ត្រូវបានជួសជុល និងកែច្នៃជាបណ្ណាល័យឌីជីថលមួយបន្ទប់សម្រាប់បម្រើដល់ការសិក្សាកុមារពិការសតិបញ្ញា និងអូទីស្សឹម ចាប់ពីឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២។ អគារសិក្សានេះ ប្រើប្រាស់សម្រាប់កុមារពិការសតិបញ្ញា និងអូទិស្សឹមចំនយន ៣បន្ទប់ សម្រាប់គ្រប់គ្រងអារម្មណ៍ និងញាណចំនួន ១បន្ទប់ និងសម្រាប់បណ្ណាល័យ ឌី ជីថល ចំនួន ១បន្ទប់ អស់ទឹកប្រាក់សរុបចំនួន ជាង៤ម៉ឺនដុល្លារ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកើតសរសើរចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដួចផ្ដើមដំណើរការ “កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” ដែលកិច្ចការនេះ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលមានក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការតាំងពីខែធ្នូ ឆ្នាំ២០១២ ។
សច្ចាប័ណ្ណនេះជាការសន្យាលើការតំាងចិត្តក្នុងការលើកកម្ពស់ជីវភាពរបស់ជនពិការ ក្នុងប្រទេសរបស់ខ្លួន ច្បាប់ការពារ និងលើកកម្ពស់ជនពិការ ច្បាប់ស្ដីពីការអប់រំ មាត្រា ៣៨-៣៩ និងគោលនយោបាយអប់រំបរិយាបន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងន័យនេះ ការិយាល័យអប់រំពិសេស នៃនាយកដ្ឋានបឋមសិក្សា របស់ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការសាលារៀនទន្សាយ បានផ្ដល់ការអនុញ្ញាតិឲ្យជួសជុលអគារសិក្សា១ខ្នង មាន ៥បន្ទប់ បង្គន់ចំនួន ៤ និងសួន នេះឡើង ដែលផ្ដល់ជាកន្លែងសម្រាប់មើលថែ និងអប់រំកុមារពិការសតិបញ្ញា និងអូទីហ្សឹម ខណៈពីមុនមក កុមារប្រភេទនេះ មិនដែលទទួលបានការអប់រំនោះឡើយ ហើយពួកគេជាប្រភេទកុមារងាយរងគ្រោះ។
ឯកឧត្តម ជា ជាតិ បានលើកឡើងថា ស្ថានភាពនេះ បានផ្ដល់ផលវិជ្ជមានជាច្រើន ទាំងកុមារផ្ទាល់ និងអាណាព្យាបាល ក្រោយក្មួយៗកុមារបានមកទទួលយកការអប់រំរបស់អង្គការ។ “ការដែលក្មួយបានមកចូលរៀនទីនេះ យើងឃើញថា ក្មួយៗយើងទទួលបានចំណេះដឹង ក្មួយៗយើងបានផ្លាស់ប្ដូរឥរិយាបទឲ្យបានសមស្រប ហើយក៏ទទួលបានបំណិន នេះផ្នែកក្មួយ។ ប៉ុន្តែការចូលរៀននេះ វាក៏ទុកឱកាស ឲ្យឪពុកម្ដាយបានរកទទួលទាន នេះធំណាស់…គឺឪពុកម្ដាយ លោកសប្បាយចិត្ត កូនគាត់បានចូលរៀន គាត់បានរកទទួលទាន…ហើយនេះក៏ជាយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល…!”។
កម្ពុជា គឺជាប្រទេស១ ក្នុងចំនួន ៤៦ ដែលបានចូលរួមក្នុងយុទ្ធសាស្ត្រ “អ៊ីឈ័ន” ក្នុងទិសដៅប្រមូលកុមារពិការឲ្យបានចូលទទួលយកការអប់រំ ហើយកម្ពុជាទទួលបានការលើកសរសើរពីខិតខំលើកិច្ចនេះ។ នេះបើតាមឯកឧត្តម ជា ជាតិ។
ជាថ្មីម្ដងទៀត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និងគាំទ្រចំពោះសមិទ្ធផលទាំងឡាយរបស់ភាគីពាក់ព័ន្ធ ដែលបានរួមគ្នាបង្កើតឱកាស និងទីកន្លែងឲ្យកុមារពិការសតិបញ្ញា និងអូទីហ្សឹម បានចូលមកទទួលយកការអប់រំ ដែលអាចឲ្យពួកគេបានឃើញនូវក្ដីសង្ឃឹមថ្មី។
ជាមួយគ្នាឯកឧត្តម ជា ជាតិ ក៏បានសន្យាឆ្លើយតបទៅនឹងចំណុចខ្វះខាតទាំងឡាយដែលបានលើកឡើងដោយអង្គការសាលារៀនទន្សាយ។
គួរបញ្ជាក់ផងដែរថាកន្លងមកកុមារដែលបាត់បង់ឱកាស អប់រំដូចជាកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹមត្រូវបានដាក់ផ្តល់ឱកាសតាមរយៈ អង្គការសាលារៀនទន្សាយបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧ ដើម្បីការផ្ដល់ការអប់រំដល់កុមារងាយរងគ្រោះដោយសារកើតមានបញ្ហាអូទីសឹម នៅក្នុងបុរីទារក និងកុមារជាតិហើយកាលពីឆ្នាំ ២០០៨ អង្គការនេះបានបើកឱ្យមានថ្នាក់បង្រៀនសមាហរណកម្មលើកដំបូងក្នុងសាលាបឋមសិក្សាទួលគោក និងបានបន្តពង្រីកការអប់រំដល់កុមារអូទីសឹមនៅតាមសាលាបឋមសិក្សាមួយចំនួនទៀតក្នុងខេត្តចំនួន ៣ ដូចជា កំពង់ស្ពឺកណ្ដាលនិងសៀមរាប។
ក្នុងរយៈពេលកន្លងទៅ “កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” គឺជា គម្រោង បាន និង កំពុងអនុវត្តរួមគ្នាក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួនជាង ៣០ អង្គការ ក្នុងគោលបំណងបន្តរួមចំណែកជាមួយក្រសួងដើម្បីធានាថា កុមារគ្រប់អាយុចូលរៀនទាំងអស់ រួមមានកុមារដែលមានពិការភាព កុមារអនាថា និងងាយរងគ្រោះ កុមារជនជាតិភាគតិច កុមារក្រីក្ររស់នៅតំបន់ដាច់ស្រយាល និងកុមារហួសអាយុចូលរៀន ជាពិសេសកុមារី ឱ្យបានចូលរៀន និងរៀនបន្តប្រកបដោយគុណភាព នៅមត្តេយ្យសិក្សា និងនៅក្នុងការអប់រំកម្រិតមូលដ្ឋាន។
គម្រោងនេះ បានរៀបចំបន្ស៊ីគ្នាទាំងស្រុងជាមួយនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើគោលនយោបាយយុទ្ធសាស្រ្តទាំងបី គឺធានាសមភាពនៃការចូលរៀន ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំ និងការអភិវឌ្ឍសមត្ថភាពអ្នកពាក់ពន្ធ័។ កិច្ចសហការអង្គការដៃគូ និងអ្នកពាក់ព័ន្ធ នឹងប្រព្រឹតិ្តទៅដោយផ្អែកលើតម្រូវការសហគមន៍ និងសាលារៀន ព្រមទាំងបទពិសោធការងាររបស់អង្គការដៃគូ។
យោងតាមជំរឿនទូទៅនូវប្រជាជនឆ្នាំ ២០០៨ ប្រទេសកម្ពុជាមានជនពិការចំនួន ១៩២ ៥៣៨ នាក់ ស្មើនឹង ១,៤៤% នៃចំនួនប្រជាជនសរុប ក្នុងនោះបុរសមាន ៥៦.៣% និងស្ត្រីមាន ៤៣,៧% កុមារមានពិការភាពអាយុពី ០ឆ្នាំ ដល់ ១៨ ឆ្នាំ១៧,៧២% ជនមានពិការភាពដោយសារមីនមានចំនួន ៦៤,២២៤ នាក់ ស្មើនឹង ៣៣,៣៦%៕
អត្ថបទ៖ ទារិកា
ដកស្រង់ចេញពី គេហទំព័រ Sabay News ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២